កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ ខ្មែរ ព្រះបាទ បរមនាថ នរោត្ដម សីហមុនី យាង ចូល រួម ជា អធិបតីភាព ក្នុង ទិវា បុណ្យ ឯករាជ្យ ជាតិ ខួប ទី ៥៦ នៅ វិមាន ឯករាជ្យ នា រាជធានី ភ្នំពេញ។
កម្ពុជាប្រារព្ធខួបលើកទី៥៦ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា ២០០៩ ដោយមានការយាងចូលរួមពីព្រះមហាក្សត្រខ្មែរនិងថ្នាក់ដឹកនាំ កំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងសិស្សានុសិស្សរាប់ពាន់នាក់ចូលរួម។
មនុស្សជាច្រើនពាន់នាក់បានជួបជុំគ្នានៅវិមានឯករាជ្យកណ្តាល ក្រុងភ្នំពេញ ដើម្បីប្រារព្ធបុណ្យខួបទី៥៦ ថ្ងៃឯករាជ្យជាតិដែលកម្ពុជាបានទទួលពីប្រទេសបារាំង កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដោយមានព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី យាងចូលរួមជាព្រះអធិបតីភាព។
នៅក្នុងពិធីនោះគេសង្កេតឃើញមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗ នៃស្ថាប័នរដ្ឋាភិបាល មានដូចជាព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីក្រសួងពាក់ព័ន្ធជាច្រើនទៀតបានចូលរួមយ៉ាងច្រើនកុះករផង ដែរ។
នៅក្នុងពិធីបុណ្យឯករាជ្យព្រឹកថ្ងៃច័ន្ទ ៩ វិច្ឆិកានេះ មន្ត្រីគណបក្សកំពុងកាន់អំណាចបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពិធីបុណ្យនេះគឺជាការរំឭកនូវគុណូបការៈដល់យុទ្ធជន យុទ្ធនារីខ្មែរ ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋ។ ពិធីនេះក៏ដើម្បីរំឭកដល់គុណដំណាច់ដ៏ថ្លៃថ្លា របស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទ នរោត្តម សីហនុ ដែលព្រះអង្គបានលះបង់តស៊ូបូជាជីវិតដើម្បីឯករាជ្យជាតិកម្ពុជា ឬធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញបរិបូរ ពីនឹមអាណានិគមនិយមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

៩-វិច្ឆិកា-០៩: កង កម្លាំង សមត្ថកិច្ច ចម្រុះ កម្ពុជា ឈរ គោរព ទង់ជាតិ ក្នុង ថ្ងៃ បុណ្យ ឯករាជ្យ ជាតិ ខួប ទី ៥៦ នៅ វិមាន ឯករាជ្យ រាជធានី ភ្នំពេញ។
ពិធីនៅព្រឹកថ្ងៃ ច័ន្ទ ៩ វិច្ឆិកានេះ ទាំងមន្ត្រីគណៈកម្មការបុណ្យជាតិ ក៏ដូចជាមន្ត្រីសាលារាជធានីភ្នំពេញ សុទ្ធតែបានអះអាងថា ពិធីបុណ្យឯករាជ្យឆ្នាំនេះ ប្រារព្ធធ្វើឡើងដោយមានការរៀបចំមានសណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពបានល្អជាងបណ្តាឆ្នាំកន្លងទៅ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សនិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានចូលរួមក្នុងពិធីបុណ្យឯករាជ្យនេះ បានសម្តែងការយល់ឃើញពីការប្រារព្ធពិធីនេះដូច្នេះ ៖ «បង្ហាញ ឲ្យបរទេសឃើញថា ខ្មែរសាមគ្គីរួបរួមគ្នា ហើយខ្មែរជាជនជាតិមួយដែលមិនព្រមចុះញ៉មនៅក្រោមរណបប្រទេសណា ហើយបើសិនជាយើងរួមគ្នាដូចថ្ងៃ៩ វិច្ឆិកា ដែលជាប្រវត្តិសាស្រ្ដរបស់យើងធ្វើអ្វីបានទាំងអស់»។
ដោយឡែកលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បញ្ជាក់បន្ថែមដូច្នេះ ៖ «ពិធី បុណ្យនេះ គឺថ្ងៃរំឭកដល់ពលរដ្ឋ ក៏ដូចជាអ្នកដឹកនាំប្រទេសហ្នឹងឲ្យមានស្មារតីជាតិនិយមសាមគ្គីភាព ជាមួយគ្នា ហើយស្រលាញ់ទឹកដី ស្រលាញ់ជាតិរបស់ខ្លួន»។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលបង្កើតឲ្យប្រទេសកម្ពុជាមានរៀបចំការបោះឆ្នោត ពីឆ្នាំ១៩៩៣ មកជាបន្តបន្ទាប់ពិធីបុណ្យឯករាជ្យ ៩ វិច្ឆិកានេះ នៅប្រទេសកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ៕
Source: Rfa



បញ្ចេញមតិយោបល់
ប្រសិនបើប្រិយមិត្តចង់មានរូបភាពដើម្បីបង្ហាញជាមួយនិងមតិយោបល់របស់ប្រិយមិត្តនោះ សូមចុចតាមនេះ!