មេបញ្ជាការខ្មែរ-ថៃគ្រោងជួបប្រជុំគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

មេ បញ្ជាការ យោធា ខ្មែរ លោក ឧត្តមសេនីយ៍ ទោ ស្រី ឌឹក (ស្ដាំ) ចាប់ ដៃ ជាមួយ មេ បញ្ជាការ កងពល លេខ ៦ ស៊ូរ៉ាក់ណារី របស់ ថៃ លោក ឧត្តមសេនីយ៍ ត្រី កានុកនេត្រៈថៈវេសាណៈ (ឆ្វេង) នៅ ឯ វត្ត កែវសិក្ខាគិរីស្វៈរៈ ក្បែរ ប្រាសាទ ព្រះវិហារ កាលពី ថ្ងៃ ៥ មេសា ២០០៩។
មេបញ្ជាការយោធាខ្មែរ-ថៃដែលកំពុងគ្រប់គ្រងកងទ័ពប្រឈមមុខដាក់ គ្នានៅលើខ្នងភ្នំចាក់ច្រែងចម្ងាយប្រមាណ៧គីឡូម៉ែត្រ ភាគខាងលិចពីប្រាសាទព្រះវិហារ មានគម្រោងជួបប្រជុំគ្នានារសៀលថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីស្វែងរកដំណោះស្រាយការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាឲ្យ មានសភាពជាធម្មតា ខណៈដែលវិបត្តិការទូតរវាងប្រទេសទាំងពីរកំពុងកើតមានយ៉ាង ធ្ងន់ធ្ងរ។
លោកឧត្តមសេនីយ៍ត្រី យឹម ពឹម មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលតូចថ្មើជើងលេខ៨ ប្រចាំនៅតំបន់ជិតប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យថា មេបញ្ជាការជាន់ទាបខ្មែរ-ថៃដែលប្រចាំការនៅតំបន់ប្រឈមមុខដាក់ គ្នានោះ នឹងជួបគ្នាដើម្បីជជែកអំពីការស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាព តានតឹងរវាងកងទ័ពទាំងសងខាង។
លោកឧត្តមសេនីយ៍ត្រី យឹម ពឹម បានឲ្យដឹងថា ៖ «មេៗប្រចាំទិសហ្នឹងគេជួបគ្នានិយាយអ្វី ធ្វើអ្វី កុំឲ្យវាមានភាពតានតឹងជាមួយគ្នាណា… វា(ថៃ)ក៏ឯកភាពអ៊ីចឹងដែរ»។
កងទាហានខ្មែរមា្នក់ដែលកំពុងប្រចាំការលើខ្នងភ្នំចាក់ច្រែងដែល សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គេបានសង្កេតឃើញថៃហាក់មានសកម្មភាពខុសប្លែករយៈពេលពីរថ្ងៃមកនេះ ដោយមានរថយន្តយោធាធំៗបានចូលជាសម្ងាត់មកតំបន់ទល់មុខគ្នាជាមួយ ទាហានខ្មែរ ហើយកាលពីរសៀលថ្ងៃអាទិត្យនេះមានរថយន្តចំនួនពីរបានដឹកជញ្ជូន ទាហានថៃមកតំបន់ទល់មុខគ្នានេះ។
ទាហានដដែលបានបញ្ជាក់ថា ៖ «អម្បាញ់មិញមកពីរឡាន។ ឥឡូវវាឆ្លាតណាស់ វាមកសុទ្ធតែឃ្លប់ៗ ឡានធំៗ ពេលយប់វាមក វាមិនដែលបើកភ្លើងទេ»។
លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងយោធាខ្មែរជុំវិញតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា ស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយទាហានខ្មែរ-ថៃរហូតមកដល់ម៉ោងនេះ ស្ងប់ស្ងាត់ល្អ បើទោះបីការទូតនៃប្រទេសទាំងពីរកំពុងមានបញ្ហាធ្ងន់ធ្ងរក៏ដោយ។
លោកឧត្តមសេនីយ៍ ជា តារា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះលោកបានទទួលបទបញ្ជាពីនាយក រដ្ឋមន្ត្រីខ្មែរឲ្យលោកធ្វើការទាក់ទងល្អជាមួយភាគីយោធាថៃនិង ជាមួយប្រជាពលរដ្ឋថៃ ដោយរឿងនយោបាយទុកឲ្យថ្នាក់ដឹកនាំដោះស្រាយ ហើយប៉ុន្មានថ្ងៃមកនេះលោកបានជួបជាមួយឧត្តមសេនីយ៍ទោ វីវ៉ាលីត មេបញ្ជាការយោធភូមិភាគទី២របស់ថៃ និងសហការីយោធាថៃប្រមាណ២០រូបទៀតក្នុងការចៀសវាងការប៉ះទង្គិច គ្នាផ្នែកយោធា។
លោកឧត្តមសេនីយ៍ ជា តារា បានមានប្រសាសន៍ថា ៖ «យើងទាំងពីរបាន យល់ព្រមគ្នាក្នុងការដោះស្រាយដោយសន្តិវិធី រក្សាភាពស្ងប់ស្ងាត់ល្អ មិនមានការប៉ះទង្គិច។ ចំណុចទី២ គឺខ្ញុំក៏បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ចុះទៅបណ្តាទិសមួយៗជួបនឹងទាហានរបស់យើងនិងទាហានថៃ គេបានរឹតចំណងមួយល្អណាស់នៅក្នុងតំបន់ប្រទល់មុខគ្នានេះ បង្កើតកីឡា មានកីឡាវាយសី លេងបាល់ទះនិងប៊ូល ការលែងកីឡានេះក៏រក្សាចំណុចមួយឲ្យមានមិត្តភាពល្អ»។
មន្ត្រីយោធាខ្មែរនៅតាមចំណុចព្រំដែនជាច្រើនបានអះអាងថា ថ្វីត្បិតតែរវាងការទូតនៃប្រទេសទាំងពីរកំពុងតឹងតែងរយៈពេល៣-៤ ថ្ងៃមកនេះ បន្ទាប់ពីរដ្ឋាភិបាលបានកោះហៅមន្ត្រីទូតឲ្យត្រឡប់ទៅស្រុកគេវិញ ប៉ុន្តែស្ថានភាពប្រឈមមុខដាក់គ្នានៃយោធានៅតាមព្រំដែនមិន ធ្ងន់ធ្ងរទេ ព្រោះស្តាប់តាមមេបញ្ជារៀងៗខ្លួនឲ្យស្ងប់ស្ងាត់៕
Copyright © 1998-2009 Radio Free Asia. All rights reserved.



khmer on អ, 10th Nov 2009 1:51 pm
នេះជាសាកល្បងមើលសិនទេ តើកើតឫអត់?