នាយករដ្ឋមន្ត្រីខ្មែរ៖ ថាក់ស៊ីន ជាមិត្តសម្លាញ់អមតៈ

នាយក រដ្ឋមន្ត្រី ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង អតីត នាយក រដ្ឋមន្ត្រី ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម ក្នុង អំឡុង ពេល លេង ហ្គោល នៅ ឯ ខែត្រ សៀមរាប កាល ពី ថ្ងៃ ៦ មេសា ២០០៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជាមិត្តសម្លាញ់អមតៈ ហើយថា អតីតប្រមុខរដ្ឋាភិបាលថៃជាជនរងគ្រោះនយោបាយ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានប្រកាសថា លោក ថាក់ស៊ីន នឹងមកធ្វើសុន្ទរកថារឿងសេដ្ឋកិច្ចនៅចំពោះមុខអ្នកជំនាញកិច្ចការ សេដ្ឋកិច្ចប្រមាណ៣០០នាក់ នៅឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១២ ក្នុងសប្តាហ៍នេះ។ រដ្ឋអំណាចថៃបានចាត់ទុក លោក ថាក់ស៊ីន ថាជាពលរដ្ឋថៃគេចពីច្បាប់។
យោងតាមប្រភពទីភ្នាក់ងារព័ត៌មាននានា មកទល់ពេលនេះ នាយករដ្ឋមន្រ្តីថៃ អភីស៊ិត វេតឆាឈីវ៉ាក់ ថាការរិះគន់ប្រព័ន្ធតុលាការថៃក្នុងករណីលោក ថាក់ស៊ីន នោះ ជារឿងទទួលយកមិនបានឡើយ។ តុលាការថៃបានដាក់ទោសលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទចោទថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ២០០៨ ក្រោយពីរដ្ឋប្រហារ២ឆ្នាំ។ លោកមានលិខិតឆ្លងដែនចំនួន៦ពីប្រទេសមួយចំនួនចាប់ពីទ្វីបអឺរ៉ុប ដល់អាមេរិកកណ្តាល ហើយរក្សាទីលំនៅក្នុងក្រុងឌូបៃ ប្រទេស អារ៉ាប់រួម អេមីរ៉ាត។ លោកធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួន។ សម្បតិ្តទ្រព្យដ៏ស្តុកស្តម្ភរបស់លោក តុលាការថៃហាមមិនឲ្យនរណាប៉ះពាល់គឺនៅគាំងក្នុងធនាគារ។
សាស្រា្តចារ្យ ពួងទង ប៉ាវ៉ាកាប៉ាន នៃសកលវិទ្យាល័យ ចុល្លលុងកន ប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃ៦ វិច្ឆិកា ថា លោក ហ៊ុន សែន មិនមែនចាំបាច់ត្រូវការលោក ថាក់ស៊ីន ជាទីប្រឹក្សាសេដ្ឋកិច្ចដោយសារតែត្រូវការយោបល់រឿងសេដ្ឋកិច្ចនោះទេ គឺជារឿងនយោបាយសងសឹកចំពោះរដ្ឋាភិបាលក្រុងបាងកក៕
Copyright © 1998-2009 Radio Free Asia. All rights reserved.



បញ្ចេញមតិយោបល់
ប្រសិនបើប្រិយមិត្តចង់មានរូបភាពដើម្បីបង្ហាញជាមួយនិងមតិយោបល់របស់ប្រិយមិត្តនោះ សូមចុចតាមនេះ!